ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា លទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ , សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២ និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។ “
ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ” ។ លោកបញ្ជាក់ថា សក្ខីភាពនៃសុច្ឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជាបានស្តែងឡើងជាស្រេចនៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួន ពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឱ្យស្មារតីសន្តិភាពបានផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តាមរយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ដើម្បីបញ្ចៀសសង្គ្រាម និងការងារការទូតយ៉ាងសកម្មដើម្បីស្វះស្វែងរកបទឈប់បាញ់។
លោក ប៉ែន បូណាបន្តថា ពាក្យសម្តីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្តែងទាំងអស់នេះ បានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ ពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាព៕