|
បារាំងអំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងធានាការការពារប្រជាជនស៊ីវិលនៃព្រំដែនទាំងសងខាង
ថ្ងៃទី ៖ 01-01-2026, ដោយ Dara007 , 4 Views
ភ្នំពេញៈ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ពាក់ព័ន្ធនឹងបទឈប់បាញ់រវាង
ប្រទេសកម្ពុជា ថៃ និងការដោះលែងទាហានកម្ពុជា ដោយបារាំងសូម
ស្វាគមន៍ការដោះលែងទាហានកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ដែលបានជាប់ឃុំនៅប្រទេសថៃចាប់ពីខែកក្កដា ហើយការវិលត្រលប់របស់ពួកគេមកកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញ នៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។
ប្រទេសបារាំងអំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី ដែលគោរពច្បាប់អន្តរជាតិ និងដែលធានាការការពារប្រជាជនស៊ីវិលនៃព្រំដែនទាំងសងខាង។ រួមជាមួយប្រទេសទាំងពីរ និងប្រធានអាស៊ាន ប្រទេសបារាំងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពមួយប្រកបដោយចីរភាព។
|