អាជ្ញាធរមីនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមត្រឡប់ទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម។ ក្នុងករណីចាំបាច់ មុនចូលតំបន់នោះ ប្រជាពលរដ្ឋត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាល ជាមុនសិន។ សំខាន់ជាងនេះ បើសិនប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះគ្រាប់បែកចង្កោម និងវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់បង្កផលប៉ះពាល់ដល់អាយុជីវិត សូមកុំប៉ះពាល់ កុំកែច្នៃ គប់ ដំ ឫចល័តវាទៅទីណាមួយ ព្រោះគ្រាប់ទាំងនោះនឹងធ្វើឱ្យមនុស្សរបួស ពិការស្លាប់បានគ្រប់ពេល។
អាជ្ញាធរមីន ណែនាំឱ្យប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរសព្ទ៖ ០១២ ៨០០ ៤៧៣, ០១១ ៣៨៣ ៩៣៩, ០៩៧ ៤៨៩ ៥៦០០, ០៦៦ ៦១២ ៦១៣, ០៦៣ ៩៦៣ ៤៩៩។
សូមជម្រាបថា ក្រោយបទឈប់បាញ់ចូលជាធរមាន គិតត្រឹមល្ងាចថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកប្រមាណ១៤៩០០នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈជនភៀសសឹកនៅសល់ជាង៥៩ម៉ឺន៦ពាន់នាក់ ក្នុងនោះ ស្ត្រីជាង៣១ម៉ឺន១ពាន់នាក់ និងកុមារជាង១៨ម៉ឺន៧ពាន់នាក់៕