ថ្លែងក្នុងឱកាសចុះពិនិត្យការអនុវត្តគម្រោងបោសសម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលទទួលការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីដំណាក់កាលទី៤ រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ជាម្ចាស់ជំនួយ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងអំណរគុណចំពោះការគាំទ្រប្រកបដោយសប្បុរសរបស់ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមគាំទ្រដល់ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០។ លោកបន្តថា សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាត និងកំទេចគ្រាប់មីនចោលប៉ុណ្ណោះទេ វាថែមទាំងជាការចូលរួមក្នុងការលើកកម្ពស់ជីវិភាពរស់នៅ កាត់បន្ថយគ្រោះថ្នាក់ និងស្តារឡើងវិញនូវសេចក្តីសថ្លៃថ្នូររបស់សហគមន៍។
សូមបញ្ជាក់ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១៨ គីឡូម៉ែត្រការ៉េ ស្មើនឹង ១៦% នៃផ្ទៃដីបោសសម្អាតសរុបប្រមាណជាង ៣ ៤០០ គីឡីម៉ែត្រការ៉េ ហើយប្រជាជន ១,៣ លាននាក់ ជាអ្នកទទួលផល។ ក្នុងនោះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥ បានបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤ គីឡូម៉ែត្រក្រឡា (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) និងមានអ្នកទទួលផលជាង ៣៤១ ០០០ នាក់៕