ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ទៅដល់ក្រុមមនុស្សមួយចំនួនដែលបាននាំគ្នាវិភាគថាកម្ពុជាបានកាត់ដីនៅចំណុចនេះ ចំណុចនោះជាថ្នូរនឹងសន្តិភាព ប៉ុន្តែកម្ពុជាគ្មានការកាត់ដីកម្ពុជាឱ្យភាគីថៃ ដើម្បីបញ្ចប់សង្គ្រាមតាមព្រំដែនឡើយ។ ដូច្នេះការធ្វើសកម្មភាពញុះញង់ណាមួយធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ នឹងចាត់វិធានការច្បាប់ ព្រោះអំពើខ្លះជាអំពើក្បត់ជាតិមិនអាចលើកលែងបានដែលអាចឈានទៅដល់ការដកសញ្ជាតិផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន មកដល់ម៉ោងនេះ យើងអត់ទាន់មានដកសញ្ជាតិអ្នកណាមួយទេ ក្នុងពេលដែលថៃបានដកសញ្ជាតិពីរនាក់រួចទៅហើយ គឺ លី យុងផាត និង កុក អាន ចឹងតើនៅលើពិភពលោក មានប្រទេសច្រើនណាស់ ស្ទើរតែ ៨០% នៃប្រទេស មានច្បាប់ដកសញ្ជាតិ»។
សម្តេចតេជោបន្តថា បើទោះបីជាមិនទាន់ឈានដល់ការដកសញ្ជាតិក៏ដោយ ប៉ុន្តែនៅពេលខាងមុខក៏នឹងអាចទៅដកដែរ បើសិនជាការនិយាយណាមួយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងកងទ័ពកម្ពុជា ។
សូមរំលឹកថា ការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរនេះ មិនមែនជារឿងថ្មីនោះទេ។ ដោយផ្អែកតាមការសិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាធ្លាប់មានច្បាប់កំណត់អំពី ការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពី បាត់បង់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឲ្យប្រើ តាមព្រះរាជក្រម ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។ មិនតែប៉ុណ្ណោះ នៅតាមបណ្តាប្រទេសជាច្រើនដូចជា ៖ បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពលរដ្ឋខ្លួន ជាពិសេសក្នុងករណីប្រព្រឹត្តអំពើប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕