ក្នុងកិច្ចជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់យើងសព្វថ្ងៃ មិនថាយប់មិនថាថ្ងៃ រួមជាមួយនិងការហត់នឿយផងនោះ ទាំងអស់នេះគឺធ្វើទៅតាមតួនាទី ភារកិច្ចរបស់យើងក្នុងនាមជាកងកម្លាំង និងដើម្បីប្រជាពលរដ្ឋ យើងហត់នឿយក៏ពិតមែនតែទទួលបានមកវិញនូវ សន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរបស់យើង។ ក្រៅពីការអនុវត្តនូវបទបញ្ជា និងបំពេញភារកិច្ច យើងជាកងកម្លាំងត្រូវមានក្រមសីលធម៌ សុជីវធម៌ និងពាក្យសម្តីឲ្យបានល្អជាមួយអង្គភាពផ្សេងៗ រួមទាំងប្រជាពលរដ្ឋផងដែរ ។
លោកបានបន្តទៀតថាក្រោយអង្គភាពរបស់យើងដាក់ឲ្យប្រើប្រាស់នូវលេខ Hotline 1292 គឺបានជួយដល់ប្រជាពលរដ្ឋច្រើនណាស់ ជាពិសេសករណីហឹង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ជាដើម ករណីទាំងនេះបង្កឲ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង ដូច្នេះកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវបន្តការចុះល្បាតជាប្រចាំ ហើយក៏ត្រូវយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា ប្រចាំការ ត្រូវរៀបចំនិងតាមដានឲ្យដិតដល់ក្រែងមានប្រជាពលរដ្ឋមកប្តឹង ឬត្រូវការកម្លាំងរបស់យើងជួយដល់ពួកគាត់ក្នុងករណីផ្សេងៗជាដើម ។
នៅជាចុងបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានបញ្ជាក់ថា កម្លាំងក្នុងអង្គភាពទាំងមូលត្រូវ បន្តការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ចេះស្រលាញ់ គោរព និងឲ្យតម្លៃគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ ពីព្រោះយើងជាកម្លាំងនៅក្នុងអង្គភាពតែមួយ ហើយធ្វើការងារជូនអង្គភាពដូចគ្នា ចំនុចទី២ត្រូវថែសុខភាពឲ្យបានល្អព្រោះសុខភាពសំខាន់ណាស់ បើគ្មានសុខភាពទេអ្វីៗក៏គ្មានដែរ ។ មុនបញ្ចប់លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាន អរគុណដល់នាយទាហាន ទាយទាហានរង ទាំងអស់ដែលបានមានវត្តមានក្នុងអង្គប្រជុំនាថ្ងៃនេះ និងជូនពរដល់នាយទាហានទាំងអស់សូមឲ្យមានសុខភាពល្អ ៕