|
អ្នកនាំពាក្យ៖ ភាគីថៃមិនគោរពសេចក្តីថ្លែងការណ៍រួមនៅគួឡាឡាំពួ
ថ្ងៃទី ៖ 06-11-2025, ដោយ Dara007 , 35 Views
ភ្នំពេញៈ នាពេលចុងក្រោយនេះ អ្នកនាំពាក្យរដ្ឋាភិបាល កម្ពុជា សង្កេតឃើញថា មន្ត្រីថ្នាក់ដឹកនាំថៃ ទាំងស៊ីវិល និងយោធា បានអត្ថាធិប្បាយជាបន្តបន្ទាប់ ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ។
លោក ប៉ែន បូណា មន្ត្រីថ្នាក់ដឹកនាំថៃ បានអត្ថាធិប្បាយដោយយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិន១៨រូប និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាការព្រមានប្រើប្រាស់កម្លាំងដណ្តើមប្រាសាទតាក្របី ជាដើម។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សកម្មភាពទាំងនេះ ធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តលើការដោះស្រាយបញ្ហាដោយសន្តិវិធី។ «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងគ្មានភស្តុតាង ឬវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបសើសាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។នេះជាខ្លឹមសារទី៤នៃសេចក្តីថ្លែងការណ៍។ ក្រៅពីការអត្ថាធិប្បាយផ្ទុយ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏លើកឡើងដែរថា ភាគីថៃមិនគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ព្រោះរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ពោលគឺមានរយៈពេល១០ថ្ងៃហើយ ដែលថៃមិនទាន់បានដោះលែងយោធិនកម្ពុជា១៨រូប។
លោកអំពាវនាវដោយទទូចដល់ភាគីថៃ ឱ្យគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងគួឡាឡាំពួ ដោយមិនត្រូវអត្ថាធិប្បាយណាមួយដែលបង្កភាពតានតឹង ហើយបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ។
តាមរយៈថ្លែងការណ៍នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា នេះដែរ លោក ប៉ែន បូណា ក៏បានកត់សម្គាល់ផងដែរពីការអនុវត្តដ៏ត្រឹមត្រូវមួយចំនួនក្រោយកិច្ចព្រមព្រៀងសន្តិភាពនៅគូឡាឡាំពួ ក្រោមវត្តមានលោកប្រធានាធិបតិអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អ៉ាន់វ៉ា អ៊ីប្រាហ៊ីម ដូចជាការឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលជាក់លាក់ដោយរាប់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា៕
|