គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរយានយន្ដគ្រប់ប្រភេទមិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត , មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត , មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង , មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត , មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
លើពីនេះ អ្នកដំណើរត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច , ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ , ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត , ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ មុនចេញដំណើរ, ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សំដៅធានាឱ្យមានសណ្តាប់ធ្នាប់ សុខសុវត្ថិភាព សុភមង្គល ជីវភាពរុងរឿងស្របតាមឆន្ទៈដ៏មុះមុតបស់រាជរដ្ឋាភិបាលក្នុងសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមគ្រប់រូបភាព ជាមួយនិងការពាររក្សាអធិបតេយ្យភាពទឹកដី និងសុខសន្តិភាពប្រកបដោយចីរភាព៕