ការជួយរបស់រដ្ឋាភិបាលឥណ្ឌានេះធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects” រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺជាសក្ខីភាពជាក់ស្តែងមួយបន្ថែមទៀតដ៏រស់រវើកនៃទំនាក់ទំនងល្អជាប្រពៃណីជាប្រវត្តិសាស្រ្ត និងមិត្តភាពយូរអង្វែងរវាងរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា-កម្ពុជា ដែលបានឆ្លងកាត់រាប់សហស្សវត្សរ៍ និងបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។
លោក បន្តទៀតថា ការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាក្នុងវិស័យសកម្មភាពមីន ទាំងការបោសសម្អាតមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន គឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងរឹងមាំ និងតែងតែជួយគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបញ្ជាក់ទៀតថា ការគាំទ្រដ៏សប្បុរសរបស់ឥណ្ឌា មិនត្រឹមតែជាការបោសសម្អាតមីនប៉ុណ្ណោះទេ វាជាការឈូសឆាយផ្លូវទៅកាន់ការស្តារឡើងវិញនូវភាពថ្លៃថ្នូររបស់សហគមន៍ និងការពង្រីកសក្តានុពលគ្មានដែនកំណត់របស់កម្ពុជា ចាប់ ពីខេត្តកោះកុង ដល់ខេត្តពោធិ៍សាត់ ចាប់ពីការប្រកាសភូមិគ្មានមីន រហូតដល់គំនិតផ្តួចផ្តើម "ឥណ្ឌាដើម្បីមនុស្សជាតិ" ក្នុងការផ្តល់អវយវៈសិប្បនិមិត្តដល់ជនរងគ្រោះ។
ជាមួយគ្នានោះលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ដែលត្រូវបានកសាងឡើងដោយទំនុកចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា។
នេះជាការអនុវត្តគម្រោងបោសសម្អាតមីនលើកទីបី ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រវាងស្ថានទូត និងអាជ្ញាធរមីន ហើយផ្ទៃដីចំនួន ២០ហិកតា នឹងត្រូវបានរំដោះចេញពីគ្រាប់មីន និងមានអ្នកទទួលផលប្រមាណជា ១.០០០ នាក់។ ភូមិព្រៃអណ្តូង ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវប្រកាសជាភូមិគ្មានមីន ដែលអាចរួមចំណែកផ្តល់ឱកាសជាច្រើនទៀតសម្រាប់អនាគតកាន់តែប្រសើរ និងសុវត្ថិភាព។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃថា ការបោសសម្អាតមីន ពិតជាបានស្តារឡើងវិញនូវទំនុកចិត្ត និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ដែលរស់នៅជុំវិញតំបន់រងផលប៉ះពាល់ទាំងនោះ។ វាក៏អាចឱ្យពួកគាត់បន្តសកម្មភាពសេដ្ឋកិច្ច និងផ្តល់សិទ្ធិអំណាចឱ្យពួកគាត់ សម្រេចបាននូវអនាគតដ៏ត្រចះត្រចង់។
ជាមួយនឹងគម្រោងនេះ នឹងអាចឱ្យកម្ពុជាខិតទៅជិតការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០៣០៕