សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC )សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ លោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍ជំនាញសិក្សា និងការងារនៅពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ឱ្យយុវជនកម្ពុជាទទួលបានបទពិសោធន៍ពីការសិក្សានៅក្នុងប្រទេស និងបរទេស និងអាចស្វែងរកការងារបាននៅទីនេះ។
លើសពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់យុវជន នៅពេលមាន ចំណេះ ជំនាញហើយ ត្រូវមានសីលធម៌ និងត្រូវចេះស្រលាញ់ប្រទេសជាតិ។ សម្រាប់យុវជនវិញ បានលើកឡើងដែរថា ពេលបានចូលរួមក្នុងពិព័រណ៍នៅថ្ងៃនេះមានអារម្មណ៍រីករាយ និងទទួលព័ត៌មានផ្សេងៗពីការសិក្សា និងឱកាសការងារ។
យុវជនទាំងនោះបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើជាយុវជនល្អនៅក្នុងសង្គម។ គួរបញ្ជាក់ដែរថា ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «ឆ្ពោះទៅកាន់ឧស្សាហកម្ម ៥.០»។ ពិព័រណ៍នេះ បានទទួលការគាំទ្រយ៉ាងមុតមាំពី សំណាក់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដើរតួរជាវេទិកាដ៏សំខាន់មួយ ដែលសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យទាំងអស់ អាចភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសិក្សា អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម អភិវឌ្ឍន៍ ដើម្បីជាផែនទីសម្រាប់ចង្អុលបង្ហាញផ្លូវទៅកាន់អនាគតដ៏រុងរឿង។
នៅក្នុងពិព័រណ៍មានស្តង់ប្រមាណ៤០ របស់គ្រឹះស្ថានសិស្សនានា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រុមហ៊ុនឯកជន៕