កម្ពុជាអនុវត្តបទឈប់បាញ់ដោយសុច្ចរិត និងទទួលស្គាល់អន្តរជាតិ
ថ្ងៃទី ៖ 01-09-2025, ដោយ Dara007 , 25 Views
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា តាមរយៈការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃដែលបានចូលជាធរមាន កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី កម្ពុជាបានអនុវត្តប្រកបដោយសុច្ចរិត និងស្មោះត្រង់ ត្រូវបានគេស្គាល់ និងកោតសរសើរកាន់តែច្រើនឡើងនៅលើឆាកអន្តរជាតិ ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយបានអនុវត្តបទឈប់ទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានានៅទូទាំអពិភពលោក តាមរយៈសកម្មភាពការទូតដ៏សកម្មរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាដែលមានដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេស្គាល់ និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ”។
លោកបន្តថា ការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជាដែលបានអនុវត្តបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែតដែលបានយកចិត្តទុកដាក់ដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបន្ថែមថា សំឡេងតែមួយរបស់កម្ពុជាដែលមានថ្នាក់ដឹកនាំ និងពលរដ្ឋបានបង្ហាញទៅកាន់ពិភពលោកថាគឺជាសំឡេងមួយដែលច្បាស់លាស់ស្រឡាញ់សន្តិភាព គោរពច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ៕
|