ក្នុងឱកាសនៃជំនួប លោកប្រធានាធិបតី បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។
លោកប្រធានាធិបតីបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោក កាលពីខែមេសា កន្លងទៅ។
ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ, លោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីក៏បានគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។
មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាព ដែលរួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច-ពាណិជ្ជកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗផ្សេងទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង និង ពង្រឹងការការពារអធិបតេយ្យរបស់កម្ពុជា៕