លោក ទូច សុឃៈ អ្នកនាំពាក្យរងបានបន្ថែមឱ្យដឹងថាក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបករណីអ្នកងប់ងល់នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសចំនួន៦២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន១៤៩នាក់ មានស្រី៥៧នាក់ រួមទាំងវត្ថុតាងមានជាអាទិ៍ម៉ូតូ១៧គ្រឿង កុំព្យូទ័រ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។
លោកបានឱ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១៨ករណី មានមនុស្ស៤៥នាក់ ស្រី២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាលចំនួន៤៤ករណី មានមនុស្ស ១០៤នាក់ ស្រី៣៧នាក់។
លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសងបានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោលគឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្តអូសទាញមនុស្សឱ្យលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ល្បែងបានធ្វើឡើងយ៉ាងងាយស្រួលតាមមធ្យោបាយធនាគារ។
ដើម្បីជម្នះនិន្នាការបែបនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំ និងតម្រង់ទិសជាប្រចាំ ឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួន អ្នកពាក់ព័ន្ធយកមកផ្តន្ទាទោស និងអនុវត្តវិធានការស្របតាមច្បាប់។
ដោយឡែកសម្រាប់ករណីក្រុមក្មេងទំនើង បន្ថែមលើកបទបញ្ជាឱ្យបង្ក្រាបយ៉ាងមុឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបពីការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដោយព្រលយថា ច្បាប់នេះក៏នឹងក្លាយជាយន្តការកាត់បន្ថយក្មេងទំនើងពីក្នុងសង្គមផងដែរ៕