សម្តេចតេជោ ណែនាំឱ្យសិក្សាវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិខ្មែរ
ថ្ងៃទី ៖ 27-06-2025, ដោយ dara007 , 18 Views
ព្រះវិហារៈ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ «ក្បត់ជាតិ» ខណៈមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនកំពុងឃុបឃិតជាមួយបរទេសប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ហើយបានអៈអាងថា គោលបំណងបង្កើតច្បាប់ដកសញ្ជាតិនេះ ដើម្បីកុំឱ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការប្រើប្រាស់ខ្មែរមួយចំនួនតូចឱ្យមកបំផ្លាញ សេចក្តីសុខរបស់ប្រជាជាតិខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មិនមានចែងពីការដកសញ្ជាតិ ឬមិនអាចនិរទេសពលរដ្ឋខ្មែរខ្លួនឯងបានឡើយ ប៉ុន្តែបើសិនក្នុងករណីដែលបុគ្គលនោះបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ បំផ្លាញដល់កម្ពុជា តើគួរមានច្បាប់សម្រាប់ចាត់វិធានការចំពោះបុគ្គលនោះដែរឬទេ? ៕
|