សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះសម្ដេចតេជោបានរម្លឹកថា កម្ពុជាគ្មានត្រូវការឈ្លានពានទឹកដីនរណាទេ។ កម្ពុជាធ្លាប់បាត់បង់ច្រើនណាស់មកហើយ។ ព្រំដែនជិតខាងកម្ពុជាមានជនជាតិខ្មែរនៅទីនោះចេះនិយាយខ្មែរយ៉ាងច្បាស់ នេះជាភស្ថុតាងបញ្ជាក់ថា ពីមុនទឹកដីខ្មែរធំធេងណាស់។
ប៉ុន្ដែបច្ចុប្បន្នប្រទេសថៃ មានជនល្មោភសង្គ្រាមមួយក្រុមតូចដែលកំពុងបង្ករឿងព្រំដែនជាមួយកម្ពុជា សម្ដេចបានបញ្ជាក់ថាបច្ចុប្បន្នថៃកំពុងមានបញ្ហាផ្ទៃក្នុង ហើយក៏កំពុងមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ស្មានថា ប្រមាណ ៣ ខែទៀត ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្ដីថ្មី។
សម្ដេចបានផ្ញើសារទៅរាជរដ្ឋាភិបាលក្រុងបាំងកកថា «កម្ពុជាចង់មានសន្ដិភាព មិនចង់មានសត្រូវទេ ប៉ុន្ដែបើគេក្បត់ គេចាត់ទុកកម្ពុជាជាសត្រូវកម្ពុជាក៏មិនចាត់ទុកគេជាមិត្តដែរ»៕