នាយករដ្ឋមន្រ្ដីកម្ពុជា ប្រាប់ភាគីថៃកម្ពុជាមិនចាញ់ការគំរាមកំហែងគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់ថៃនោះឡើយ
ថ្ងៃទី ៖ 23-06-2025, ដោយ dara007 , 77 Views
សៀមរាបៈ នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រាប់ភាគីថៃកម្ពុជាមិនចាញ់ការគំរាមកំហែង សម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់ថៃនោះឡើយ បន្ទាប់ពីថៃបានបង្ហោះរថក្រោះ និងយន្តហោះរបស់ខ្លួនក៏ដោយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានៅសាលសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិង ជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនចង់លេងល្បែងរញ៉េរញ៉ាញ់ជាមួយភាគីថៃទេ ប៉ុន្ដែបើភាគីថៃចង់លេង គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ទាំងសេដ្ឋកិច្ច ជាតិនិយម និងកងកម្លាំងជាដើម ខណៈដែលកាលពីថ្មីៗនេះ ឃើញតែថៃបានបង្ហោះបង្ហោះរថក្រោះ និងយន្តហោះរបស់ខ្លួន ។ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា កុំមើលងាយ កុំប្រមាថកម្ពុជា កម្ពុជាមានលទ្ធភាពម្ចាស់ការ និងឯករាជ្យក្នុងការរស់នៅដោយមិនពឹងដង្ហើមប្រទេសជិតខាង។
សម្តេចមហាបវរធិបតី អះអាងថា សព្វាវុធរបស់កម្ពុជារៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ មិនមានរថក្រោះ មិនមានយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះ។ សព្វាវុធរបស់កម្ពុជារៀបចំ ដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាឆ្អែតនឹងសង្គ្រាមហើយ មិនចង់មានសង្គ្រាមទៀតទេ តែកុំមករំលោភបំពានកម្ពុជា។ កម្ពុជាមានកងទ័ពដែលមានទឹកចិត្តក្លាហាន និងស្មោះស្ម័គ្រ និងការបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់កិច្ចការពារជាតិ ។
ជាមួយគ្នានេះ សម្តេចធិបតីបន្ថែមថា កម្ពុជាកំពុងរៀបចំផែនការលើកទឹកចិត្ដកងកម្លាំង ដែលមានសមត្ថភាពបាញ់រថក្រោះសត្រូវឆេះ៕
|