ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ប៉ែន បូណា បញ្ជាក់៨ចំណុច ដែលនយោបាយ"ឈ្នះឈ្នះ"គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំកម្ពុជា
ថ្ងៃទី ៖ 09-06-2025, ដោយ​​ dara007 , 55 Views
                     
ភ្នំពេញៈ លោក ប៉ែន បូណា ប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។

លោក ប៉ែន បូណា សូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួនគឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។

បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។

ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។

ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ )ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។

ទី៤៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោកតាមរយៈនយោបាយ«ឈ្នះឈ្នះ»របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបានគឺជាមហាជោគជ័យមួយទៀតសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។

ទី៥៖ ក្នុងនាមកូនខ្មែរ យើងទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដីដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ យើងក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ដែលមានថ្នាក់ដឹកនាំយើងជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិតដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ។ យើងក៏មានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលប្តូរផ្តាច់យកអាយុជីវិតទៅប្តូរដើម្បីការពារបូរណភាពទឹកដី។

ទី៦៖ យើងមានសំណាងបានរស់នៅក្នុងសុខសន្តិភាព។ យើងផ្តល់តម្លៃដល់សន្តិភាពនិងស្ថាបនិកសន្តិភាពរបស់យើង ហើយពាក្យថា «អរគុណសន្តិភាព»ត្រូវបានព្យួរនៅគ្រប់ទិសទី។ ដូច្នេះ យើងទាំងអស់គ្នាគួរតែមានមោទនភាពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំនៃយើងដែលអាចបញ្ចៀសសង្គ្រាមបាន។ កុំដល់ពេលមានសង្គ្រាមទើបយើងនាំគ្នានឹកស្តាយស្រណោះសន្តិភាព។

ទី៧៖ បេសកកម្មការពារបូរណភាពទឹកដីនៅវែងឆ្ងាយទៅមុខទៀតដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តរួមគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពយើងដោយឥតងាករេ។ ដំណោះស្រាយបញ្ហាបូរណភាពទឹកដីប្រកបដោយទំនុកចិត្តដែលរាជរដ្ឋាភិបាលកំពុងធ្វើគឺ យន្តការតុលាការអន្តរជាតិដែលយើងទាំងអស់គ្នាផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ។ ដូច្នេះ យើងត្រូវតែបន្តជឿជាក់និងគាំទ្ររាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅរបស់យើង។ រាជរដ្ឋាភិបាលយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីតាមមធ្យោបាយសន្តិភាព តែម៉ឺងម៉ាត់ និងប្តូរផ្តាច់បំផុត។

ទី៨៖ យើងទាំងអស់គ្នាប្រាកដជាចងចាំជានិច្ចនូវពាក្យសន្យាជាឧឡារឹករបស់ថ្នាក់ដឹកនាំយើងគឺ«ប្តេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រ» និង «ការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ» នេះគឺជាតម្លៃនៃជាតិសាសន៍យើងពោលគឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារ តែដាច់ខាតនិងម៉ឺងម៉ាត់មិនឱ្យបរទេសប្រមាថ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បារាំងៈ បារាំង គាំទ្រវិស័យការពារជាតិនៅកម្ពុជា និងជួយលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com