ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សហគ្រាសធុនតូច និងមធ្យមកម្ពុជា ផ្ដល់ការងារ២លាន ៩សែននាក់
ថ្ងៃទី ៖ 20-05-2025, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨ភាគរយ បានផ្ដល់ការងារប្រមាណ ២លាន ៩សែននាក់ ដោយបានចូលរួមចំណែកចំនួន៩៣ភាគ ក្នុងផលិតផលក្នុងស្រុកសរុប។

នៅក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុម ប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយចំពោះសមិទ្ធផលដែលសមាគមមូលនិធិសម្ដេចតេជោបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការជួយដល់ប្រជាជនកម្ពុជាដែរ ជាពិសេសសម្ដេចបានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគមដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចីពីស្ថាប័នពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣,៦៧០ សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

បន្ថែមលើសពីនោះ គឺសហគ្រាសធុនតូចនិងមធ្យមទៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជា ពិសេសចូលរួមចំណែកចំនួន៩៣% ក្នុងផលិតផលក្នុងស្រុកសរុប នេះបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធុនតូច និងមធ្យមដែលបានជ្រោមជ្រែងនូវការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចបន្ថែមថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។

សម្ដេចតេជោ បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមបន្តអនុវត្តជាអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស គឺយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលកំពុងធ្វើ គឺ មានដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥, យុទ្ធសាស្ត្រជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨, ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥, គោលនយោបាយជាតិស្ដីអំពីស្វាយចន្ទី ២០២២-២០២៧, និងគោលនយោបាយជាតិស្ដីអំពីដំឡូងមីជាដើម ដែលជាផ្នែកមួយដ៏សំខាន់ដែលសហគ្រាសធុនតូច និងមធ្យមអាចពិនិត្យនិងអនុវត្តនូវយន្តការស្ដីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាពង្រីកនូវសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។សម្ដេចក៏បានរំលេចអំពីការលើកកម្ពស់តាមរយៈការរៀបចំទិវាជាតិសហគ្រាសធុនតូច និងមធ្យម ដែលបានធ្វើកន្លងមក ជាផ្នែកដល់ការលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ 

សម្ដេចតេជោបានសង្កត់ធ្ងន់ថា គ្រឹះដល់រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរាជរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានោះ សម្ដេចតេជោបានបង្ហាញនូវការអរគុណជាថ្មីចំពោះសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាជាពិសេសការលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេច សូមកោតសរសើរចំពោះស្នាដៃសមាគម ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ហើយសង្ឃឹមថា នឹងបានចូលរួមចំណែកបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងនៅពេលខាងមុខបន្តទៀត។

នៅក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានជម្រាបសម្ដេចតេជោនូវរបាយការណ៍ដែលជាសកម្មភាពក៏ដូចជាសមិទ្ធផលដែលសមាគមបានសម្រេចនាពេលកន្លងមក។

លោកឧកញ៉ា បានបញ្ជាក់ ជំរាបជូនសម្ដេចតេជោថា កន្លងមកសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យសមុទ្រនិងបុណ្យទន្លេជាដើម ដែលមានការតាំងពិព័រណ៍នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ហើយនៅក្នុងឱកាសនោះ ក៏មានសកម្មភាពសំខាន់ដែលសមាគមបានធ្វើ ដូចជាការបណ្ដុះបណ្ដាលនៅទូទាំងខេត្តក្រុង គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូចនិងមធ្យមអំពីការគ្រប់គ្រងធនធានមនុស្សនិងការគ្រប់គ្រងអាជីវកម្មជា ពិសេសគឺការបណ្ដុះបណ្ដាល ក្នុងការឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបានកម្ចី នៅក្នុងការអភិវឌ្ឍបន្ថែមនូវសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឧកញ៉ា តែ តាំងប៉ ក៏បានបញ្ជាក់អំពីសកម្មភាពសំខាន់ៗជាច្រើនទៀតដែលសមាគមមូលនិធិសម្ដេចតេជោបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាំងពីក្នុងបរិបទកូវីដ១៩ ដូចជាការចុះទៅជួយផ្សព្វផ្សាយអប់រំនៅក្នុងបរិបទកូវីដ១៩  ដោយសហគ្រាសធុនតូច និងមធ្យម បានស្វែងយល់ក៏ដូចជាឱ្យប្រជាពលរដ្ឋក្នុងការការពារនៅក្នុងសកម្មភាពអំឡុងកូវីដ១៩ នាពេលកន្លងមកផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨ភាគរយ បានផ្ដល់ការងារប្រមាណ ២លាន ៩សែននាក់ ដោយបានចូលរួមចំណែកចំនួន៩៣ភាគ ក្នុងផលិតផលក្នុងស្រុកសរុប។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com