ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងតំបន់ភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់អំពីសារៈសំខាន់អំពីការងារបោសសម្អាតមីន ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅនឹងកន្លែង ជាពិសេសចូលរួមផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ដល់វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់មួយចំនួនដែលកំពុងមានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរដើរលេងកំសាន្ត និងសម្រាកលំហែកាយជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសតំបន់ភ្នំធម្មជាតិ ១៥០០ នៅវាលវែងនេះ។
លោក បានបន្តទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរមីន កំពុងយកចិត្តទុកដាក់លើការងារបោសសម្អាតមីនដើម្បីគាំទ្រវិស័យទេសចរណ៍ធម្មជាតិ ស្របតាមទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗឱ្យបានច្រើនប្រកបដោយសុវត្ថិភាព ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាពិសេសក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ និងមានហានិភ័យខ្ពស់ដោយសារគ្រាប់មីន ទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងដំណើរកំសាន្តលក្ខណៈរុករក។
ដំណើរកំសាន្តរបស់ប្រជាពលរដ្ឋតាមតំបន់រមណីយដ្ឋានធម្មជាតិ ត្រូវតែមានការរៀបចំជាមុន និងមានសុខសុវត្ថិភាពខ្ពស់ ស្របតាមបំណងប្រាថ្នារបស់សម្តេចធិបតី។
ប៉ុន្ដែទោះបីយ៉ាងណា លោកនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ ៕