ក្រសួងអភិវឌ្ឍន៍ជនបទ នឹងកសាងតំបន់ជនបទ ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
ថ្ងៃទី ៖ 10-01-2025, ដោយ Dara007 , 27 Views
ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងកសាងតំបន់ជនបទ ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតំបន់ជនបទ ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តនូវការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអនុសាសន៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ” ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្រសួងបានអនុវត្តតួនាទីនិងភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្រោមចក្ខុវិស័យ “កសាងតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
លោលរដ្ឋមន្ត្រី បានបន្តលើកឡើងថា ជាលទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបញ្ចប់នូវសេចក្តីព្រាងឯកសារពាក់ព័ន្ធតាមគោលការណ៍ណែនាំ រួមមាន៖ ១).របាយការណ៍នៃការវិភាគមុខងារ និងធនធាន ២).បញ្ជីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានធ្វើបច្ចុប្បន្នភាព ៣).ឯកសារផ្ទៀងផ្ទាត់មុខងារត្រួតស៊ីគ្នា ដែលត្រូវផ្ទេរចេញ ឬរៀបចំឱ្យត្រូវតាមអង្គភាព ស្ថាប័ន ៤).អភិក្រមនៃការផ្តល់សេវាសាធារណៈ និងការផ្តល់សេវាផ្សេងៗ ៥).សេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ៦).សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕
|