ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាត ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន ” ភាគហ៊ុនរួមគ្នាជំរុញការវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព(ស៊ីបកូ) ” ដែលជាក្រុមហ៊ុនមួយដ៍ធំ ធ្វើការងារ ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាននៅក្នុងបណ្តាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ នៅវិទ្យាល័យក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកឡើងថា ទោះបីកម្ពុជា មិនមែនជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ពិតមែន តែកម្ពុជាបានរងនូវផលប៉ះពាល់អំពីការប្រែប្រួល អាកាសធាតុដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ការកើនកំដៅ។ល។ ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ដំណាំកសិកម្ម ទ្រព្យសម្បត្តិ ជាហេតុនាំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍។
រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមាន ក្រសួងបរិស្ថានជាសេនាធិការបានមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារបរិស្ថាន ដោយបានដាក់ចេញនូវផែនការសកម្មភាពចាំបាច់ចម្បងៗ យុទ្ធសាស្ត្ររយៈពេល វែង យុទ្ធនាការបណ្តុះនិងដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថានដើម្បីពង្រីកគម្របព្រៃឈើ ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ៖ ១-អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ គោលនយោបាយ សេចក្តីណែនាំក៏ដូចជាផែនការសកម្មភាព របស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ ២-ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ត្រូវរួមគ្នាថែរក្សា ការពារស្ថានីយ៍បូមទឹកនេះឱ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង។ ៣-ត្រូវខិតខំការពារបរិស្ថានឱ្យបានស្អាត ថែរក្សាសុខភាព អនាម័យ ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សល្អសម្រាប់បន្តវេនក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ៤-ពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ីនត្រាកូ ក្នុងការផ្តល់ស្ថានីយ៍ចម្រោះទឹកស្អាត ជូនដល់វិទ្យាល័យក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមចំណែកក្នុងការពារបរិស្ថាន និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
មានមតិក្នុងអង្គពិធីនោះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ចម្លោះទឹកស្អាតនៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង នេះ បានសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពសុខភាពចម្បងរបស់ សិស្សានុសិស្សទូទាំងខេត្ត ។
ស្ថានីយ៍ចម្លោះទឹកស្អាតពិត ជាមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា ទី១. សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស ទី២. កាត់បន្ថយការចំណាយ ថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងទី៣. កាត់បន្ថយការប្រើប្រាស់ដប ទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន។
តាមការលើកឡើងរបស់ លោក ហ័ង អាញ់យុង នាយកក្រុមហ៊ុនអ៊ិនត្រាកូ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ បានបញ្ជាក់ថា ៖ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអ៊ីនត្រាកូ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ស៊ីបកូ បាននិងកំពុងអនុវត្ត គម្រោងចែកចាយចង្ក្រានសំចៃថាមពលចំនួន៣៥ម៉ឺន និងធុងចម្រោះទឹកចំនួន១៥ម៉ឺន ជូនដល់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនស៊ីបកូមានគម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកពិសាជូនដល់សាលាក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន១៥០ នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦ និងមានគម្រោងផែនការចែកចាយធុងចម្រោះទឹកស្អាតចំនួន ៨៥ម៉ឺន និងចង្ក្រានសន្សំសំចៃថាមពលចំនួន ៤៥ម៉ឺន នៅក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៧ មិនគិតថ្លៃ ដោយផ្តល់អាទិភាពចំពោះគ្រួសារដែលនៅប្រើអុសសម្រាប់ចម្អិនអាហារ និងមិនទាន់មានប្រភព ទឹកពិសាសុវត្ថិភាព។
តាមរយៈសកម្មភាពទាំងនេះនឹងបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសគឺចំពោះនារីនិងកុមារ និងកាត់បន្ថយការកាប់ដើមឈើមកធ្វើអុសចម្អិនអាហារ និងជាការរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។