សម្តេចធិបតីថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ដោយសារការចូលរួមរបស់ស្ត្រីអាស៊ាន
ថ្ងៃទី ៖ 01-08-2024, ដោយ Dara007 , 106 Views
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ដោយសារការចូលរួមរបស់ស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែក ដល់ការបង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន, ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ, ជំរុញ កំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន ។
ថ្លែងក្នុងឱកាសញ្ចើញជាអធិបតីបើកវេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ២០២៤ នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា តាមរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំ២០២៧ គឺនៅក្នុង តំបន់អាស៊ានមានប្រជាជនរហូតដល់៩,៦ភាគរយ ឬជាង៦០លាននាក់ ជាម្ចាស់អាជីវកម្មជាស្រ្តី។ ចំណែកនៅកម្ពុជាវិញ ស្រ្តីគឺជាម្ចាស់អាជីវកម្មដ៏ចម្បង ដែលគ្រប់គ្រងរហូតដល់២ភាគ៣នៃអាជីវកម្ម សរុប។ សម្តេចធិបតីបានថ្លែងថា តួរលេខនេះគឺជាភស្តុតាងដែលពុំអាចប្រកែកបាន ដែលបង្ហាញពីស្មារតី សហគ្រិនភាពរបស់ស្រ្តីនៅក្នុងតំបន់អាស៊ាន និងកម្ពុជា។
សម្តេចធិតបីបានបញ្ជាក់ទៀតថា កម្ពុជាតែង ទទួលស្គាល់ពីតួនាទីដែលពុំអាចខ្វះបានរបស់ស្រ្តីនៅក្នុងសង្គមនិងសេដ្ឋកិច្ច តាមរយៈការការលើកកម្ពស់ ពីតម្លៃស្រ្តីនៅក្នុងសង្គម និងសេដ្ឋកិច្ច ព្រោះស្រ្តីគឺជាជន្ទល់ដ៏រឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចដ៏ខ្លំាងក្លា នៅកម្ពុជា។
សម្តេចធិបតីក៏បានបង្ហាញសេចក្តីសោមនស្ស និងមោទនភាពក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុង «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤» ដែលជានិមិត្តរូបនៃការទទួលស្គាល់សហគ្រិនស្រ្តី ទាំងនៅកម្ពុជា និងនៅទូទាំងសហគមន៍ អាស៊ានដ៏រស់រវើករបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់ការផ្ដល់ សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ច នៅកម្ពុជា ក៏ដូចជានៅ ក្នុងតំបន់អាស៊ានទាំងមូល៕
|