ក្នុងឱកាសដែលសម្ដេចតេជោអនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបានជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ការសម្រេចចិត្តផ្ទេរតំណែង ជំនាន់ចាស់មកជំនាន់ថ្មី គឺដើម្បីសន្តិភាពរយៈពេលវែង ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ព្រោះថារយៈពេលប្រមាណ៩ខែបន្ទាប់ពីការផ្ទេរមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ សន្តិសុខ កំណើននៅតែបន្ត អតិផរណានៅទាប ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូត បានបង្ហាញថា នឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។
ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយ ឯកឧត្ដម បញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។
លោក ក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជាហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេស។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៅបំពេញការសិក្សានៅប្រទេសរុស្ស៊ី។
ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានរៀបចំឱ្យមានជាទស្សនកិច្ចរបស់យុវជនក្មេងៗបានទៅទស្សនកិច្ចនៅប្រទេសរុស្ស៉ីផងដែរ។ នៅលើវេទិការអន្តរជាតិ លោក បានរំឭកថា កម្ពុជានិងរុស្ស៊ីបានជួយគ្នា និងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាននិងរុស្ស៊ីក្នុងការជួយពង្រឹងភាពជាដៃគូសន្ទនារបស់រុស្ស៊ីនៅក្នុងអាស៊ានផងដែរ។
ពាក់ព័ន្ធវិស័យទេសចរណ៍ លោកបានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។
លោកក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចរ។
លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត បានសម្ដែងការគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចតេជោ ហើយគូសបញ្ជាក់ថា រុស្ស៊ីគឺជាមិត្តភក្តិយូរអង្វែង និងជានិច្ចកាលនៅជាមួយកម្ពុជានៅពេលលំបាក ហើយរុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់ប្រទេសកម្ពុជានោះទេ៕