ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតីអញ្ចើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 23-09-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញនេះ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ព្រឹត្តិការណ៍អន្តរជាតិនេះ មានការអញ្ជើញចូលរួមពីបណ្តាលប្រទេសជាង ២០ មកពីគ្រប់ទ្វីបលើពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងអង្គការស្ថាប័នអន្តរជាតិចំនួន ៦។

ជាងនេះទៅទៀត ដំណើរការសន្និសីទអន្តរជាតិ ក៏មានអង្គការអន្តរជាតិធំៗចំនួន ៣ គឺការិយាល័យអង្គការសហប្រជាតិទទួលបន្ទុកគ្រឿងញៀន, ឧក្រិដ្ឋកម្មឆ្លងដែន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ «អាំងទែប៉ូល (Interpol)» និងទី៣៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មរបស់ច្បាប់ មេគង្គ-ឡានឆាង ដើម្បីរួមគ្នាពិភាក្សា និងដាក់ចេញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នេះ គឺការបង្ហាញពីឆន្ទៈនយោបាយយ៉ាងមុតមាំ ការទទួលខុសត្រូវ និងភាពបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអំពាវនាវឱ្យមានសកម្មភាពរួមពីសហគមន៍អន្តរជាតិ ខណៈបញ្ហានេះ គឺជា ឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាសកល ដែលគ្មានប្រទេសណាមួយអាចដោះស្រាយដោយឯកឯងបានឡើយ។ ការរៀបចំសន្និសីទអន្តរជាតិនេះ ត្រូវបានបង្កើតឡើងក្នុង គោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ទី១.ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេចឫសគល់នៃបទល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុងចំណោមនេះ សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

ចំណែកឯ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿង ចំនួន ៤៤៦ ករណីស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧ នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ស្របគ្នានេះ ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ បានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។ សូមបញ្ជាក់ថា បេសកកម្មចុះត្រួតពិនិត្យដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ គឺជាសក្ខីកម្មរស់ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយមុះមុតឥតកែប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ស្ដារ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិយ៉ាងដាច់ខាត។

កម្ពុជាមិនត្រឹមតែវាយកម្ទេច ជម្រកចាស់ បំបែក និងកាត់ផ្តាច់បណ្តាញក្រុមឧក្រិដ្ឋជនឲ្យអស់ពីឫសគល់ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោសសម្អាតអំពើល្មើស បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យបានជាដាច់ខាតថាបទល្មើសឆបោកអនឡាញមិនកើតឡើងជាថ្មីឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com