ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សង្គ្រាមឈ្លានពានដោយយោធាថៃទាំងពីរលើក ប្រាសាទព្រះវិហាររងការខូចខាត៥៦២ ទីតាំង និង ៥០១ រណ្តៅគ្រាប់
ថ្ងៃទី ៖ 11-09-2026, ដោយ​​ Dara007 , 155 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានឱ្យដឹងថា ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។

របាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។

របាយការណ៍ UNESCO–ICOMOS ក៏បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មិនអាចប្រៀបធៀបបានជាមួយការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។ ភស្តុតាងនេះត្រូវបានពង្រឹងបន្ថែមដោយការស្ទង់បច្ចេកទេសរបស់ CMAC។ CMAC បានរកឃើញ រណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបង្កឡើងដោយគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។

ក្នុងនោះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចខែធ្នូ ឆ្នាំ២០២៥។ នៅទីតាំងនោះ CMAC ក៏បានកត់ត្រាភស្តុតាងនៃ គ្រាប់បែក MK-82 គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm ព្រមទាំងការខូចខាតលើផ្លូវបុរាណ គ្រឹះ ជញ្ជាំង សសរ ផ្តែរ ហោជាង និងផ្នែកនានានៃគោបុរៈទាំងប្រាំ។ ហើយការខូចខាតមិនបានឈប់ត្រឹមថ្មប្រាសាទនោះទេ។ នៅ គោបុរៈទី៥ ដែលជាទីតាំងនៃគម្រោងអភិរក្សកម្ពុជា–ឥណ្ឌា រូបភាពមុនការវាយប្រហារបង្ហាញដងស្ទួច និងរន្ទាសម្រាប់ការងារអភិរក្សឈរជាប់នឹងសំណង់ប្រាសាទ។

រូបភាព និងវីដេអូក្រោយការវាយប្រហារ បង្ហាញការខូចខាតនៅទីតាំងនេះ រួមទាំងការដួលរលំនៃដងស្ទួចដែលប្រើនៅក្នុងតំបន់ការងារអភិរក្ស។ ដូច្នេះ សំណុំភស្តុតាងនៅព្រះវិហារ គឺច្បាស់ណាស់៖ ១៤២ ទីតាំងខូចខាតក្នុងខែកក្កដា។ ៤២០ ទីតាំងខូចខាតក្នុងខែធ្នូ។ សរុប ៥៦២ ទីតាំងខូចខាតលើប្រាសាទ។ ៥០១ រណ្តៅគ្រាប់។

គ្រាប់បែកទម្លាក់ពីអាកាស និងគ្រាប់បែកចង្កោម។ គ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm។ និងការខូចខាតដល់ទីតាំងគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា។ ទាំងនេះជាភស្តុតាងរូបវន្តដែលអាចមើលឃើញ កត់ត្រា វាស់វែង និងផ្ទៀងផ្ទាត់បាន។

ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ ពាក្យសម្ដីអាចត្រូវបានបកស្រាយ។ និទានកថារបស់ភាគីថៃ អាចត្រូវបានបង្កើតដើម្បីការពារខ្លួនពីសកម្មភាពបំផ្លាញបេតិភណ្ឌពិភពលោក ដោយប្រឌិតលេសយោធា មួលបង្កាច់ដើម្បីបានលេសវាយកម្ទេចប្រាសាទព្រះវិហារ។ ប៉ុន្តែ ៥៦២ ទីតាំងនៃប្រាសាទដែលបានខូចខាត និង ៥០១ រណ្តៅគ្រាប់នៅព្រះវិហារ មិនអាចសរសេរឡើងវិញបានទេ។ ភស្តុតាងនៅលើដី កំពុងនិយាយដោយខ្លួនឯង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com