ក្នុងឱកាសចូលជួបប្រគល់សារតាំងរបស់ លោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជាជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះលោក ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំនៅកម្ពុជា។
សម្ដេចសង្ឃឹមថាបេសកកម្មរបស់លោកក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឱ្យកាន់តែរីកចម្រើនបន្តទៀត។
សម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។
សម្ដេចតេជោបានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជាត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។
សម្ដេចតេជោក៏ឈ្លៀតឱកាសនេះអញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។ សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត។
សម្ដេចសង្ឃឹមថានៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបហើយប្រគល់សារតាំងនាពេលនេះ៕