ក្នុងដំណើរទស្សនកិច្ចដឹកនាំដោយអង្គការGret នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក សុវណ្ណ តំណាង អង្គការ Gretបានឱ្យដឹងថា បណ្តាញកសិអេកូឡូស៊ី កម្ពុជា (ALiSEA) សហការជាមួយសមាជិកភូមិមាន គម្រោង TETARD នៃអង្គការហ្គ្រេត អង្គការភីភីអេស៊ិក និងអង្គការ AFD ដើម្បីរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន ក្នុងស្រុក លើ “ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប និងកំពង់ធំ”។
លោក សុវណ្ណ បានបញ្ជាក់ថា ទស្សនកិច្ចសិក្សាកម្មវិធីនេះ គឺមានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍របស់វាសម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និងបរិស្ថាន តាមរយៈការបង្ហាញពីការអនុវត្តកសិអេកូឡូស៊ី គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនៅក្នុងសហគមន៍ និងពង្រឹងការយល់ដឹងលើកសិអេកូឡូស៊ី ផ្សារភ្ជាប់អ្នកសារព័ត៌មានទៅកាន់ប្រភពព័ត៌មានដែលអាចទុកចិត្តបានទាក់ទងនឹងការច្នៃប្រឌិតផ្នែកកសិកម្ម និងសុវត្ថិភាពចំណីអាហារ សម្រួលដល់ការចែករំលែកបទពិសោធន៍ និងផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយអ្នកជំនាញ អាជ្ញាធរមូលដ្ឋាន កសិករ យុវជន និងនិស្សិត និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងស្រុកឱ្យយល់កាន់តែស៊ីជម្រៅ អំពីកសិអេកូឡូស៊ី។
លោកស្រី សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញកសិអេកូឡូស៊ី នៃអង្គការឌីភីអេ បានឱ្យដឹងដែរថា បណ្តាញកសិអេកូឡូស៊ី ជាបណ្តាញថ្នាក់តំបន់មួយ និងជាបណ្ដុំនៃស្ថាប័នជាសមាជិក ដែលមកពីមជ្ឈដ្ឋានផ្សេងៗ និងមានវិធីសាស្ត្រក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តកសិអេកូឡូស៊ីខុសៗគ្នានិងស្ថាប័នទាំងអស់សុទ្ធតែមានគោលដៅក្នុងការផ្លាស់ប្តូរការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី។
លោកស្រីបានបញ្ជាក់ថា គោលបំណងនេះមាន៣ គឺ ១. បង្កើនចំណេះដឹងរបស់អ្នកសារព័ត៌មាន លើកសិអេកូឡូស៊ីឱ្យកាន់តែស៊ីជម្រៅ។ ២. ផ្សារភ្ជាប់អ្នកសារព័ត៌មានទៅកាន់ប្រភពព័ត៌មាន ក្នុងវិស័យកសិអេកូឡូស៊ី និង៣. ផ្សព្វផ្សាយពីការអនុវត្តល្អៗ របស់សមាជិក តាមប្រព័ន្ធផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា ទស្សនកិច្ចសិក្សាឈ្វេងយល់ “ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប និងកំពង់ធំនេះ ដើម្បីឆ្លើយតបតម្រូវការនៃការផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍នៃតំបន់ផ្សេងៗគ្នា បង្កើតកន្លែង ឬជាវេទិកាប្រមូលផ្តុំមួយ ដែលភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួម និងរៀនពីគ្នាទៅវិញទៅមកលើការផ្លាស់ប្តូរនេះ និងបង្កើនការលើកកម្ពស់ការយល់ដឹងលើផ្នែកកសិអេកូឡូស៊ីឱ្យកាន់តែទូលំទូលាយ ទាំងថ្នាក់ជាតិ និងតំបន់ តាមរយៈការគាំទ្រប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះភាព៕