ក្រោយពីបើកសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ។
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ លោក កឹម សុខា តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានសម្រេចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចនេះ។
ទោះជាយ៉ាងនេះក្តី លោក កឹម សុខា មានឈ្មោះជាជនត្រូវចោទ ត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានដាក់បម្រាមមួយចំនួន។
គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញនោះចំនួនជាង១០លើក។
ការបន្តសវនាការនាពេលនេះ បានឈានចូលដល់ដំណាក់កាលធ្វើសេចក្តីសន្និដ្ឋានពីគ្រប់ភាគី និងអាចឈានដល់ដំណាក់កាល វិនិច្ឆ័យសេចក្តី លើរឿងក្តីនៅសាលាឧទ្ធរណ៏ ភ្នំពេញ ៕