ការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចនេះ គឺមានប្រជាពលរដ្ឋចំនួន៦៥ភូមិ មកពីឃុំ-សង្កាត់ចំនួន៩ នៅក្នុងក្រុងសៀមរាបនិងស្រុកពួកចូលរួម។
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រយៈពេលជាង១២ឆ្នាំមកនេះ មានប្រជាពលរដ្ឋចំនួន៦៥ភូមិ នៅក្នុងក្រុងសៀមរាប និងស្រុកពួក បានប្រើប្រាស់ទឹក ដែលបង្ហូរចេញពីបារាយណ៍ខាងលិច សម្រាប់យកទៅស្រោចស្រពដំណាំនៅតាមចម្ការ និងស្រែប្រាំង។
លោកថា ការបោះឆ្នោតដែលរៀបចំពេលនេះ គឺជ្រើសរើសប្រធាន អនុប្រធានហិរញ្ញិក និងសមាជិកគណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច ដើម្បីឱ្យការគ្រប់គ្រង និងបែងចែកទឹកទៅឱ្យកសិករប្រើប្រាស់បានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ «ការរៀបចំបែងចែកការប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព គឺមានសារសំខាន់យ៉ាងខ្លាំងចំពោះកសិករ ដែលរស់នៅផ្នែកខាងក្រោមខ្សែទឹក។ ប្រសិនបើគ្មានការគ្រប់គ្រងនិងបែងចែកទឹកឱ្យបានត្រឹមត្រូវទេ គឺនឹងធ្វើឱ្យស្រែចម្ការជាច្រើនរបស់កសិករខាតបង់ផលដំណាំ»។
បច្ចុប្បន្ននេះ បារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា) ដែលកំពុងគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាចស្តុកទឹកបានចំនួនជាង៥៦លានម៉ែត្រគូប គឺមួយចំណែកសម្រាប់ផ្គត់ផ្គង់ទឹកទៅរដ្ឋាករទឹកសៀមរាប និងផ្តល់ឱ្យកសិករយកទៅប្រើប្រាស់លើដីចម្ការ និងដីស្រែប្រាំងចំនួនជាង៧០០០ហិកតា។ ក៏ប៉ុន្តែថ្មីៗនេះ ចំនួនដីស្រែ និងចម្ការបានកើនឡើងជាង៩០០០ហិកតា ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការបែងចែក និងគ្រប់គ្រងទឹកទៅឱ្យកសិករប្រើប្រាស់បន្ថែមទៀត។
ចាប់តាំងពីឆ្នាំ២០១៤ ដែលអាជ្ញាធរជាតិអប្សរាបានទទួលតួនាទីគ្រប់គ្រងទឹកនៅបារាយណ៍ខាងលិចមក អាជ្ញាធរជាតិអប្សរាតែងរៀបចំធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចនេះ រយៈពេល៣ឆ្នាំម្ដង។ យ៉ាងណា ការបោះឆ្នោតត្រូវបានលើកពេលនៅអំឡុងវិបត្តិជំងឺកូវីដ១៩ ទើបធ្វើឱ្យដំណើរការបោះឆ្នោតសហគមន៍អាណត្តិទីបី ត្រូវបានលើកពេលមកដល់ឆ្នាំ២០២៦នេះ៕