ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានបញ្ជាក់ថា ក្នុងរយៈពេលបំពេញបេសកកម្មការងារនៅកម្ពុជា ឯកឧត្តមមានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកក៏បានឃើញពីភាពរីកចម្រើន ជាពិសេសលើការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់របស់កម្ពុជា។
លោកសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយមានភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។
លោកក៏បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ហើយលោកបានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត ។
ជាការឆ្លើយតប សម្ដេចតេជោក៏បានស្វាគមន៍ចំពោះប្រតិភូនៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចតេជោបានបន្តទៀតថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះគឺជាស្នូលនៃទំនាក់ទំនងដែលសម្ដេចចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរមានភាពរីកចម្រើន៕