រដ្ឋមន្ត្រីការពារជាតិថៃ៖ គ្មានប្រទេសណាមួយចេញមុខគាំទ្រថៃនៃជម្លោះព្រំដែនកម្ពុជា ថៃ ឧត្តមសេនីយ៍ ណាត់ថាផុន រដ្ឋមន្ត្រីការពារជាតិថៃនៅថ្ងៃទី២៣ ធ្នូនេះ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ដែលគ្មានប្រទេសណាមួយចេញមុខគាំទ្រថៃដោយចំហឡើយ។ លោកមើលឃើញថា៖បណ្តាប្រទេសដទៃធ្វើពុតជាអព្យាក្រឹត ប៉ុន្តែក្នុងចិត្តលម្អៀងទៅខាងកម្ពុជា។
លោកទទួលស្គាល់ថា កម្ពុជាទទួលបានជោគជ័យក្នុងការផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោក ដោយធ្វើឱ្យអន្តរជាតិមើលឃើញថា ថៃជាប្រទេសធំដែលកំពុងធ្វើបាបកម្ពុជាដែលជាប្រទេសតូច។ លោកលើកឡើងថា គ្មានប្រទេសណាថ្កោលទោសកម្ពុជារឿងដាក់មីន បង្ហាញពីការយល់ឃើញថា សហគមន៍អន្តរជាតិមានការលំអៀង។ ក្នុងក្រសែភ្នែកលោកពិភពលោកមិនខ្វល់ពីសកម្មភាពយោធារបស់កម្ពុជាទេ ប៉ុន្តែបែរជាមកដាក់សម្ពាធឱ្យថៃ បន្ថយការប្រើប្រាស់អាវុធទៅវិញ។
សូមបញ្ជាក់ថា៖កម្ពុជាបានបង្ហាញឱ្យពិភពលោកឃើញពីភាពចាស់ទុំខាងនយោបាយក្រៅប្រទេស។
ខណៈដែលថៃព្យាយាមដោះស្រាយបញ្ហាជាលក្ខណៈទ្វេភាគី ដើម្បីប្រើឥទ្ធិពលប្រទេសធំសង្កត់ប្រទេសតូច។ កម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិ មិនមែនដោយសារការសម្តែងនោះទេ ប៉ុន្តែដោយសារ កម្ពុជាបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅដល់ទីតាំងជាក់ស្តែង ដែលបង្ហាញពីការខូចខាតប្រាសាទ និងការរងគ្រោះរបស់ប្រជាពលរដ្ឋ។ ការដែលសហគមន៍អន្តរជាតិមិនថ្កោលទោសកម្ពុជា បង្ហាញថា ពួកគេមើលឃើញសកម្មភាពយោធារបស់កម្ពុជាថាជាការការពារខ្លួនដោយស្របច្បាប់មិនមែនជាការឈ្លានពានឡើយ។