លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញនាំសមាជិកកាយឫទ្ធិនារីកម្ពុជាដាំបន្លែ ដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជា ភ្នំពេញៈ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញរៀបចំបំផុសស្មារតីសមាជិកកាយឫទ្ធិនារីកម្ពុជា នាំគ្នាដាំបន្លែ ដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជា កំពុងប្រយុទ្ធការពារទឹកដីពីសត្រូវសៀមឈ្លានពាន និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន” ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា “សូមដាំបន្លែណាដែលឆាប់បានទទួលផល គឺចាប់ផ្តើមពីតូច តែ លោកជំទាវ ចង់ឱ្យសិស្សសាលាមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ព” ។ យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ ។
សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ៕