|
កម្ពុជា វៀតណាម ប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសុខសន្តិភាព ទីផ្សារដោះដូរទំនិញសេវា និងការអភិវឌ្ឍ
ថ្ងៃទី ៖ 08-12-2025, ដោយ Dara007 , 64 Views
ព្រៃវែងៈ កម្ពុជា វៀតណាម ប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសុខសន្តិភាព ទីផ្សារដោះដូរទំនិញសេវា និងមានការអភិវឌ្ឍរីកចម្រើន ដើម្បីជំរុញពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង ជាមួយខេត្តតៃនិញ របស់វៀតណាម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌។
ជាមួយគ្នានេះ សម្ដេចធិបតីលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនកិច្ចពិភាក្សាបញ្ចូលច្រកនេះ ទៅក្នុងបញ្ជីច្រកព្រំដែន ស្របតាមកិច្ចព្រមព្រៀងស្ដីពី ទំនិញឆ្លងកាត់ និងបញ្ចូលច្រកនេះ ទៅក្នុងពិធីសារសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនផ្លូវគោក។ សម្ដេចធិបតី ក៏បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនផ្នែកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និង គ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សម្ដេចធិបតីជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និង មានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ៕
|