នាឱកាសជំនួប ជាមួយ លោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកអំពីកង្វល់របស់កម្ពុជា ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង និង បានអំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូ សិក្សាអំពីយន្តការគតិយុត្តនានា នៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ដើម្បីទប់ស្កាត់ បញ្ហានេះ។
បន្ថែមពីលើនេះទៀត លោកស្រីក៏បានពិភាក្សាអំពីលទ្ធភាព ក្នុងការបញ្ជូនអ្នក ជំនាញការរបស់អង្គការយូណេស្កូ ចុះពិនិត្យ វាយតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាត មកលើប្រាសាទ ព្រះវិហារដោយការប៉ះទង្គិច តាមព្រំដែននាពេលកន្លងទៅថ្មីៗនេះ។
ទន្ទឹមនេះដែរ លោកស្រីបានសម្តែងនូវការអបអរចំពោះឯកឧត្តម Khaled Ahmed El-Enany Ali Ezz ដែលត្រូវបានអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ បោះឆ្នោតតែងតាំង ជាអគ្គនាយក នៃស្ថាប័នដ៏មានសារ:សំខាន់នេះ។ លោកស្រី ក៏បានសម្តែងនូវការ ប្ដេជ្ញាចិត្ត របស់ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋសមាជិក ក្នុងការសហការ អនុវត្តកម្មវិធី និងគោរពតាម គោលការណ៍សំខាន់ៗ របស់អង្គការយូណេស្កូ។
ជាពិសេស កិច្ចសហការរវាងកម្ពុជា និងអង្គការយូណេស្កូ បានក្លាយជាកិច្ចសហការប្រកបដោយជោគជ័យ ទាំងក្នុងទម្រង់អនុវត្តនៃយន្តការ អាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងព្រះវិហារ ក៏ដូចជាទម្រង់កិច្ចសហការ នៃកិច្ចការពារ លើកតម្លៃ និងអភិរក្សសម្បត្តិ បេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។
លោក Khaled Ahmed El-Enany Ali Ezz បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមាន របស់លោកស្រីរដ្ឋមន្រ្តី និងបានកោតសរសើរកម្ពុជា ក្នុងនាមជារដ្ឋសមាជិកដែលបាន ផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយអង្គការយូណេស្កូនាពេលកន្លងមក។
លោក ក៏បានបញ្ជាក់ អំពីគោលបំណង ក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជា ក៏ដូចជាពិនិត្យទៅលើកិច្ចការមួយចំនួន ដែលជាការព្រួយបារម្ភរបស់កម្ពុជា៕