ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១ នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាព ឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕