ចាប់តាំងពីថ្ងៃទី១៩ មករា ១៩៥៩ ដែលជាថ្ងៃសម្ពោធព្រលានយន្តហោះដ៍ធំដំបូងរបស់កម្ពុជា មក គឺមានរយៈពេល៦៦ឆ្នាំហើយ ដែលព្រលានយន្តហោះមួយនេះបានបន្សល់អនុសាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលយើងមិនអាចពិពណ៌នាបាន។ បើទោះជាកម្ពុជាត្រូវសង្រ្គាមញាំញីរាប់សិបដងក៍ដោយ ក៍ព្រលានយន្តហោះមួយនេះនៅតែមិនឃ្លាតឆ្ងាយ មិនចាកចេញទៅណាឡើយ ។
យោងតាមឯកសារ នៅឆ្នាំ១៩៥៧ ព្រលានយន្តហោះដ៍ធំមួយនេះ បានចាប់ផ្ដើមផុសត្រដែតដំបូងនៅកម្ពុជា ដោយរដ្ឋាភិបាលបារាំង ជាអ្នកផ្ចុងផ្ដើម ។ លុះដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ក្រោយសាងសង់ហើយ ព្រលាននេះក៍ត្រូវបើកដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ។ ក្រោយឆ្លងកាត់របបសង្រ្គាមជាបន្តបន្ទាប់ ព្រលានមួយនេះក៍ត្រូវបានរងការខូចខាតផងដែរ ។ រហូតដល់១៩៩៤ ព្រលាននេះក៍ត្រូវបានប្រែចំណុចខ្លះ ដូចជា ផ្លូវចុះចត ប្រវែង ៣,០០០ ម ត្រូវបានជួសជុលដោយក្រុមហ៊ុនជប៉ុន បន្ទាប់មកក្រុមហ៊ុនបារាំង G.T.M បានបន្ថែមប្រវែង ៣,៣៥០ ម និងទទឹង ៥០ ម ដើម្បីអាចទទួលយន្តហោះធំៗបានប្រសើរជាងមុន ។ ក្រោយមកអាកាសយានដ្ឋាននេះ ក៍បានផ្លាស់ប្តូរឈ្មោះជាផ្លូវការ ទៅជា Phnom Penh International Airport នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ។ តាមតួរលេខ នៅឆ្នាំ 1998 មានដំណើរ ចំនួន 60ម៉ឺននាក់ ដោយមានយន្តហោះ 6,000គ្រឿង ។ តែសម្រាប់ក្នុងឆ្នាំ 2005 វិញ មានអ្នកដំណើរ 1លាន 8ម៉ឺន 1,745នាក់ ដោយមានចំនួនយន្តហោះសំចត 1 7,035គ្រឿង ។ លុះដល់ឆ្នាំ 2010 ចំនួនអ្នកដំណើរបានកើនឡើងរហូតដល់ 1លាន 67ម៉ឺន 3,421នាក់ និងមានយន្តហោះសំចត 20,156គ្រឿង ។ ៥ឆ្នាំក្រោយ ពោលនៅឆ្នាំ 2015 ចំនួនអ្នកដំណើរបានបន្តកើនឡើង 3លាន 7ម៉ឺន 9,068នាក់ ដោយមានយន្តហោះសំចត 3ម៉ឺន 1,409 គ្រឿង ។ បន្ទាប់មកនៅឆ្នាំ 2019 មុនជំងឺកូវីដ១៩ វាយលុកទូទាំងពិភពលោក ព្រលានមួយនេះបានផ្ទុកអ្នកដំណើរចំនួន 6,លាន 2ម៉ឺន 9,000នាក់ ដោយមានយន្តហោះសំចតចំនួន 5ម៉ឺន 6ពាន់,18គ្រឿង ។
តួរលេខបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២០ ដល់២០២២ ព្រលានយន្តហោះទាំងអស់ត្រូវបានកាត់ផ្ដាច់ ក្នុងនោះមានកម្ពុជាផង ខណៈជំងឺកូវីដ១៩ បានវាយសង្រ្គប់រញ្ជួយពាសពេញពិភពលោក ។ បន្ទាប់មកក្នុងឆ្នាំ2023 ខណៈជំងឺកូវីដ១៩ ហាក់ធូស្រាលបន្តិច កម្ពុជាក៍បានបើកឱ្យដំណើរការព្រលានយន្តហោះឡើងវិញ ពេលនោះហើយចំនួនអ្នកដំណើរបានកើនជាងឆ្នាំមុន ប៉ន្តែតិចជាងកាលពីឆ្នាំ២០១៩ ពោលឆ្នាំ២០២៣ មានអ្នកដំណើរសរុប 3,លាន 97ម៉ឺន 6,000នាក់ ដោយមានយន្តហោះសំចតចំនួន 3ម៉ឺន 6ពាន់ ,673គ្រឿង ។ តែសម្រាប់ឆ្នាំ 2024 ឆ្នាំមុន ចំនួនអ្នកដំណើរបានកើនដល់ទៅ 4លាន 74ម៉ឺន 6,000នាក់ ដោយមានយន្តហោះសំចត ចំនួន 4ម៉ឺន 1,ពាន់ 22គ្រឿង ។
ក្នុងឯកសារ បានរំលេចថា អាកាសយានដ្ឋាននេះ នឹងត្រូវបិទសេវាកម្មសាធារណៈ ចាប់ពីថ្ងៃទី 8 កញ្ញា 2025តទៅ ហើយក៍នឹងត្រូវផ្ទេរទៅព្រលានយន្តហោះថ្មីផងដែរ ចាប់ពីថ្ងៃទី 9 ខែកញ្ញា 2025តទៅ ដោយព្រលានយន្តហោះថ្មីនោះ មានទំហំធំជាងមុនរាប់សិបដង ដោយអាចផ្ទុកមនុស្ស និងយន្តធំៗបានច្រើន ៕ អត្ថបទ : ស្រេង ដារ៉ា