ក្នុងខែដំបូងឆ្នាំ ២០២៦ កម្ពុជាបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ!
ភ្នំពេញៈ តាមប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ច បានបង្រ្កាប និងបិទខ្ទប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើទីតាំងសរុបចំនួន ១៩០ កន្លែង ក្នុងនោះមានកាស៊ីណូចំនួន ៤៤ នៅក្នុងខេត្តព្រះស៊ីហនុ, កំពត,កណ្តាល, ស្វាយរៀង, រាជធានីភ្នំពេញ, ពោធិ៍សាត់, ព្រៃវែង និងមណ្ឌលគិរី ដោយសមត្ថកិច្ចបានគ្រប់គ្រង រឹបអូសវត្ថុតាងជាច្រើនប្រភេទ/គ្រឿង មានកំព្យូទ័រ ទូរស័ព្ទ ស៊ីមកាតជាដើមនិងបំពេញសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨ នាក់ មាន ៧ សញ្ជាតិ មានជនជាតិនេប៉ាល់ ចិន ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស។ ក្នុងចំណោមករណីធំៗមានរាប់បញ្ចូលចំណាត់ការលើសំណុំរឿងសំខាន់ៗដោយបានចាប់ខ្លួន និងអនុវត្តនីតិវិធីតុលាការចំពោះមេខ្លោង និងអ្នកសមគំនិតមួយចំនួនទៀត, ការបង្ក្រាបដល់ទីតាំងដែលឧក្រិដ្ឋជនបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោកអនឡាញ ដោយរាប់ទាំងករណីក្លែងជាសមត្ថកិច្ចផ្សេងៗដើម្បីឆបោកទៅក្រៅប្រទេស, ព្រមទាំងកិច្ចសហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អាមេរិក កូរ៉េ ជាដើម ក្នុងការបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំងនៅពីក្រោយករណីទាំងនេះ។
ថ្ងៃទី ៖ 05-02-2026, ដោយ Dara007 | 45 Views