យោងតាមលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៦០រូប។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើសេចក្តី ស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សម្តេចតេជោមានប្រសាសន៍ថា ការធ្វើច្បាប់ដកសញ្ជាតិ គ្មានពលរដ្ឋណាមួយដែលត្រូវដកសិទ្ធិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានធ្វើអ្វីមួយក្បត់នឹងផលប្រយោជន៍ជាតិខ្លួនឯង ដូច្នេះមិនចាំបាច់ភ័យឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជនជាតិខ្មែរណាដែលបង្កើតកងកម្លាំងប្រដាប់អាវុធ នៅប្រទេសថៃ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ទី១.ជននោះខុសនឹងគោលការណ៍អាស៊ាន និងទី២. គឺជាទោសក្បត់ជាតិ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការតម្កល់ ផលប្រយោជន៍ជាតិជាធំ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា«ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
សូមបញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ ក៏មិនមែនជារឿងចម្លែក ឬជារឿងថ្មីដែលទើបកើតមានលើកទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានោះទេ។
ផ្អែកតាមការ សិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាក៏មានច្បាប់កំណត់អំពីការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពី បាត់បង់ សញ្ញាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។ មិនតែប៉ុណ្ណោះ នៅបណ្តាប្រទេសជាច្រើន ដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម សុទ្ធតែមាន ច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។
គួរកត់សម្គាល់ផងដែរថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងតែប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំ ប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្ដាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្ដែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង៕