សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទាក់ទងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។ សម្តេចធិបតីប្រកាសជាថ្មីថា កម្ពុជាមានលក្ខខណ្ឌ៣ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ទី១ ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី ទី២ ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់ និងទី៣ បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញ ៥ម៉ោងក្រោយកម្ពុជានឹងបើកវិញភ្លាម ខណៈដែលកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមមុននោះទេ។
សម្តេចធិបតីបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាកច្រើនណាស់មកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា។ ដូច្នេះកម្ពុជាចង់បានបំផុតគឺសន្ដិភាព មិនចង់មានជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅប្រទេសថៃ បានឈ្លានពានលបលួចបាញ់ប្រហារយោធិនកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិត។ ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
សម្តេចធិបតីបញ្ជាក់ថា ថ្មីៗការប្រកាសជាឯកតោភាគីដោយមេដឹកនាំនយោបាយ និងកងទ័ពមួយថៃថា ប្រាសាទតាមាន់ធំនេះមិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយ ដោយប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រហូតទៅឈ្លោះជាមួយក្រុមហ៊ុនហ្គូហ្គលថែមទៀត គឺបានជាការប្រកាសជាផ្លូវការដោយឯកតោភគីរបស់ថៃ នៅទីតាំងតំបន់ជម្លោះទៅហើយ ដូច្នេះដើម្បីដោះស្រាយបញ្ហាគឺមានតែរកតួអង្គទី៣ គឺតុលាការអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចធិបតីបានប្រាប់ទៅភាគីថៃឱ្យគោរពសិទ្ធកិច្ចព្រមព្រៀង និងបូរណភាពទឹកដីជាមួយគ្នា ដោយបញ្ឈប់ការបង្កហានិភ័យ បង្ហោះត្រូន និងល្បាតកងកម្លាំងចូលទឹកដីកម្ពុជា នាំឱ្យបង្កកម្ដៅកាន់តែខ្លាំង និងឈានទៅជម្លោះកម្លាំងប្រដាប់អាវុធ៕