លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យគឺជាក្រុមក្មេងទំនើងតែងតែបង្កបញ្ហាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដោយក្រុមជនសង្ស័យមានឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ, ២,ឈ្មោះ រដ្ឋា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ដែលក្រុមនេះមានរហ័សនាមឈ្មោះក្រុម C.J (កាហ្វេកញ្ចប់) ។ ក្រុមនេះគឺចាប់ដៃគូរជាមួយក្រុម C.T (ចិត្តធំ) ក្រុមទាំងពីរនេះតែងតែបង្កបញ្ហា និងជាគូរជម្លោះជាមួយក្រុម O.S.L (អូរឬស្សី) ។ លោកបន្តថា កាលពីអំឡុង ខែឧសភា ឆ្នាំ២០២៥ ក្រមនេះបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ចំនួន០២លើក ដោយថ្ងៃទី០២-០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមនេះបានធ្វើសកម្មភាពឆក់កាបូប និងឆក់ទូរសព្ទរបស់ជនរងគ្រោះ នៅក្នុងក្រុងប៉ោយប៉ែតបានសម្រេចចំនួន០២លើកទៀត ហើយសកម្មភាពចុងក្រោយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបង្រ្កាបបានតែម្តង។
ជនសង្ស័យក្រោយឃាត់ខ្លួន និងសួរនាំរួច ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕