ថ្លែងក្នុងកិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ រួមមាន ទី១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ចប្រជុំពិនិត្យបូកសរុបការងារឆមាសទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យមន្រ្តីក្រោមឱវាទ និងដៃគូរពាក់ព័ន្ធនានា ខិតខំប្រឹងប្រែងយកចិត្តទុកដាក់សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័នជំនាញ ក្នុងការត្រៀមរៀបចំ និងការអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ និងបញ្ហាតានតឹងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលអាចកើតមានក្នុងរដូវវស្សាខាងមុខ។
លោកបានឱ្យដឹងថាក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កង ក្នុងការហ្វឹកហ្វឺនបំប៉នជំនាញជួយសង្គ្រោះ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នថ្នាក់តំបន់អាស៊ាន ២០២៥ និងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ សម្រាប់ពង្រឹងសមត្ថភាព និងលទ្ធភាពនៃការឆ្លើយតប និងផ្តល់អំណោយសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា អង្គការដៃគូ និងវិស័យឯកជន។
លោកបន្តថាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យការរៀបចំ និងបញ្ហាប្រឈមនៅតាមមូលដ្ឋាននីមួយៗ សម្រាប់ការឆ្លើយតបក្នុងហេតុការណ៍គ្រោះមហន្តរាយ៕