ក្នុងព្រះរាជពិធី "រុក្ខទិវា" ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត និងអង្គការជាតិ- អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សា ការពារធនធាន ព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គា្ន : សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំ របស់យើងមាន ទេសភាពពណ៍បៃតង និងរស់រវើកគ្រប់រដូវកាល ។
ព្រះរុណាព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលបញ្ជាក់ថា ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វ ដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ៕