ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ សិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ដែលពិធីនេះធ្វើ ឡើងនៅ វិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការរៀបចំថ្នាក់រៀនឆ្លាតវៃ និងការភ្ជាប់បណ្ដាញអ៊ីនធឺណិត នៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងបន្ត លើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង ការរៀន កែលម្អមាតិកាសិក្សា និង ផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានទូលំទូលាយ។
សម្តេចធិបតី បានបញ្ជាក់ថា ការសិក្សាក្នុងសង្គមកម្ពុជាកាលពីដើមមិនសូវមានឱកាសព្រោះខ្វះសាលារៀន សាលានៅឆ្ងាយៗ តែបច្ចុប្បន្នឱកាសមានច្រើន ព្រោះសាលាត្រូវបានពង្រាយទៅជិតផ្ទះប្រជាពលរដ្ឋ ប៉ុន្ដែបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធអប់រំ ត្រូវបានលើកកម្ពស់កម្មវិធីអប់រំ និងគុណវុឌ្ឍិគ្រូបង្រៀន ជាធាតុដ៏ចាំបាច់សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា។
សម្ដេចធិបតីបានបញ្ជាក់ទៀតថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើន គឺមានបំពាក់សម្ភារៈសិក្សាទំនើប និងមានការច្នៃប្រឌិតរួចហើយ។
ជាមួយគ្នានេះ សម្តេចធិបតីអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា តាមរយៈ ការពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សកម្ពុជា, ផ្គួបផ្សំជាមួយការពង្រឹងសីលធម៌បុគ្គល សំដៅ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បុគ្គល គ្រួសារ និងប្រជាពលរដ្ឋកម្ពុជា៕