លោក ជា ធិរិទ្ធ បានថ្លែងថា ចំពោះការផ្សព្វផ្សាយរបស់កាសែត គឺជារឿងគួរឱ្យអស់សំណើចនោះទេ ពីព្រោះការស្ទង់មតិប្រជាជនថៃ ស្ទង់មតិមកលើសម្តេចតេជោ ចង់ប្រជាជនថៃស្រឡាញ់ ឬក៏មិនស្រឡាញ់សម្តេចតេជោ គឺប្រជាជនកម្ពុជាអត់ខ្វល់ទេ អត់មានអីមកពាក់ព័ន្ធជាមួយកម្ពុជានោះទេ តែសំខាន់សម្តេចតេជោ គឺប្រជាពលរដ្ឋកម្ពុជា ស្រឡាញ់ គាំទ្រលោក។ លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានលះបង់ស្ទើរតែពេញមួយជីវិត ដើម្បីប្រទេសជាតិមួយនេះ រំដោះប្រទេសចេញពីសង្គ្រាម ហើយនាំកម្ពុជា ឱ្យមានសន្តិភាព អភិវឌ្ឍកម្ពុជា រក្សាសន្តិភាពដល់បច្ចុប្បន្ន និងការពារបូរណភាព កុំឱ្យបរទេសរំលោភបំពាន ទឹកដីកម្ពុជា។ លោក ជា ធិរិទ្ធ បានបញ្ជាក់ថា៖ «យើងមិនមានរឿងអ្វីត្រូវឈឺក្បាលនោះទេ ចំពោះការស្ទង់មតិរបស់ប្រជាជនថៃ អានេះជាជំងឺតួឯកទេ ដែលចេះតែចង់ដាក់ពិន្ទុ វាយតម្លៃ កាត់សេចក្តីជំនួសប្រជាជនគេ (ខ្មែរ) យើងមិនចាំបាច់ខ្វល់»។
លោក បានបន្ថែមថា ចង់ប្រជាជនថៃ ស្ទង់មតិ អ្នកឯងថាមិនស្រឡាញ់សម្តេចតេជោ ហ៊ុន សែន គឺអត់ខ្វល់នោះទេ សំខាន់ប្រជាពលរដ្ឋខ្មែរ គោរព ស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន ដូច្នេះ ទោះបីអ្នកឯងស្ទង់មតិថា ប្រជាជនថៃ មិនគាំទ្រ មិនស្រឡាញ់ ឬថាសកម្មភាសម្តេចតេជោ មិនត្រឹមត្រូវអានោះជារឿងរបស់ប្រជាជនថៃ អ្នកឯង យើងមិនទៅអង្វរលន់តួឱ្យប្រជាជនថៃ ស្រឡាញ់សម្តេចតេជោ នោះទេ។
លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន ត្រូវប្រជាជនខ្មែរ ទូទាំងប្រទេសគាំទ្រ ស្រឡាញ់ទុកចិត្ត ជាពិសេសតាមការស្ទង់មតិប្រជាជន ជាង៩៣ភាគរយ បានគាំទ្រនូវចំណាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយចំណាត់ការព្រំដែនរវាងកម្ពុជា និងថៃ។ លោកសូមផ្ដាំទៅអ្នកស្ទង់មតិរបស់ថៃវិញថា កុំបារម្ភអីពីរឿងរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាប្រិយភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនចាំបាច់មកឈឺក្បាលជាមួយកម្ពុជា និងប្រជាជនកម្ពុជា ទេ គិតតែពីរឿងផ្ទៃក្នុងរបស់ប្រទេសខ្លួនឯង ឱ្យល្អទៅ ឱ្យត្រូវរ៉ូវគ្នាទៅ ដោះស្រាយបញ្ហាឱ្យមានសំលេងតែមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា»។ លោក បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្រជាជនទូទាំងប្រទេសបានចង់ចាំមិនអាចបំភ្លេចបាននោះទេ នូវគុណនូប្បការៈ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ស្ទើរពេញមួយជីវិត ដើម្បីប្រជាជនជាតិកម្ពុជា។ ដូច្នេះ គឺប្រជាជនកម្ពុជា បានដឹងច្បាស់ និងគោរពឱ្យតម្លៃយ៉ាងច្បាស់ចំពោះសម្តេចតេជោ ហ៊ុន សែន ហើយជាពិសេសមេដឹកនាំកម្ពុជា ដែលបន្តដឹកនាំរាជរដ្ឋាភិបាលពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានសំលេងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕