សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា បើគេក្បត់គ្នាគេទៅហើយ ថ្ងៃណាមួយគេនឹងក្បត់យើងមិនខាន ហើយសម្ដេចជាមនុស្សមានគុណធម៌ ហើយខ្ញុំក៏មិនក្បត់គេមុនដែរ។ សម្ដេចតេជោ អះអាងថា ការថតសំឡេងនាយករដ្ឋមន្រ្ដីថៃ ក្នុងពេលសន្ទនាជាមួយសម្ដេចដោយសារទូរសព្ទសម្ដេចថតដោយអូតូ តែសម្ដេចគ្មានចេតនាបញ្ចេញសំឡេងនោះទេ ប៉ុន្ដែស្ថានភាពផ្ទុះឡើងទើបសម្ដេចបញ្ចេញសំឡេងទាំងអស់។ សម្ដេចតេជោបន្ដថា លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។
សម្ដេចតេជោ ចាត់ទុកការប្រើភាសារនេះ គឺជាសម្ដីកូនគ្មានម៉ែឪប្រដៅ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចអស់ការអត់ធ្មត់ចំពោះលោកជំទាវ អ៊ុង អ៊ីង (នាយករដ្ឋមន្រ្តីថៃ) ហើយ ព្រោះនាយករដ្ឋមន្រ្តីថៃរូបនេះបានវាយប្រហារមកលើកម្ពុជាម្តងហើយម្តងទៀត ដូច្នេះថ្ងៃនេះសម្តេចបានបញ្ជាក់អំពីត្រកូលស៊ីណាវ៉ាត់ ដើម្បីឱ្យប្រជាជនថៃបានដឹងអ្វីជារឿងរ៉ាវ។
ទន្ទឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី។
ជាមួយគ្នានេះ សម្ដេចបញ្ជាក់ថា ក្នុងគ្រួសារសម្ដេចមានត្រណមក្នុងគ្រួសារមិនឱ្យយករឿងរបស់គេមកនិយាយនៅក្នុងរឿងគ្រួសារ និងយករឿងគ្រួសារទៅប្រាប់គេ និងកុំសេពគប់ជាមួយអ្នកដែលនិយាយដើមគេប្រាប់យើង។
ក្នុងឱកាសនោះ សម្ដេចតេជោ ប្រកាសថា រឿងទាំងអស់ដែលសម្ដេចនិយាយនេះ គឺជាការពិត បើអ្នកមិនជឿអាចទៅស្បថនៅប្រទេសឥណ្ឌាបានផងដែរ៕