ការទស្សន៍ទាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្តេចតេជោ បានផ្ញើសារផ្តាំទៅនាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន កុំឱ្យប្រមាថដល់អ្នកដទៃ ហើយសម្តេចតេជោ ក៏បានជឿជាក់ថា នៅប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលអាចចេញមកដើម្បីដោះស្រាយ ក៏ដូចជាស្តារនូវទំនាក់ទំនង និងកិច្ចសហការល្អជាមួយកម្ពុជាឡើងវិញ ខណៈដែលពេលនេះ កម្ពុជា ក៏ដូចក្នុងនាមសម្តេចតេជោ ជាប្រធានគណបក្សកាន់អំណាចនៅកម្ពុជា យល់ឃើញថា មិនដឹងត្រូវចរចាជាមួយអ្នកណា ពីព្រោះអំណាចពិតប្រាកដ គឺជាកងទ័ព ឬក៏បក្សនយោបាយ ឬមួយក៏អ្នកនៅក្រៅបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្ត្រីនោះដែរ ។
សម្តេចធតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការយល់ឃើញទៀតថា លុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មី ចូលកាន់តំណែង ហើយមានសុច្ឆន្ទៈ ដោះស្រាយជាមួយនឹងកម្ពុជា ខណៈដែលកម្ពុជា មិនមើលទៅថៃ ជាសត្រូវនោះទេ ។ កម្ពុជា ត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីក្រោយៗទៀត ជាមួយគ្នានេះ កម្ពុជា ក៏មិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃដែរ ដោយសម្តេចដឹងថា តម្រូវការរបស់ប្រជាជនថៃនៅពេលនេះ ក៏ត្រូវការមេដឹកនាំថ្មីដែរ ។
បន្ថែមលើនេះ សម្តេចតេជោ បញ្ជាក់ថា ជំនាន់ប្រាយុតចាន់អ៊ូចារ ធ្វើជានាយករដ្ឋមន្ត្រីថៃ ក្នុងរយៈពេលជិត១០ឆ្នាំ កម្ពុជានិងថៃ មិនដែលមានរឿងអ្វីកើតឡើងទេ ហើយដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺដំណាក់កាលអតីតនាយករដ្ឋមន្ត្រីថៃ ប្រាយុតចាន់អ៊ូចារ ៕