លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រាប់អ្នកសារព័ត៌មាននៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ពីបញ្ហាព្រំដែនកម្ពុជា-ថៃ មុននឹងចូលដល់របៀបវារៈនៃអង្គប្រជុំព្រឹទ្ធសភា បានព្រមានបិទនាំចូលទំនិញថៃគ្រប់ប្រភេទ ប្រសិនបើកងទ័ពថៃមិនព្រមបើកច្រកព្រំដែននៅថ្ងៃស្អែក ប្រសិនបើកងទ័ពថៃមិនបើកច្រកព្រំដែនឡើងវិញ៕