ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត
ថ្ងៃទី ៖ 19-05-2025, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។

ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកស្រីបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។

លោកស្រីអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។

លោកស្រីបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០​ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកស្រីបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។

ជាការឆ្លើយតប,​ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

សម្តេចបានអរគុណ​អូស្ត្រាលី​ និយាយជារួម​ និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក​ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ជាមួយគ្នានេះ,​​ សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ​ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។

សម្តេចបវរធិបតី និងលោកស្រី ក៏បានពិភាក្សា​និងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក​ ព្រមទាំងស្វែងរកនូវ​ឱកាសបន្ថែមទៀត​ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ​,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com