ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មេបញ្ជាការកងទ័ពជើងគោក​៖ កងទ័ពត្រូវតែបង្ក្រាបរាល់បទល្មើស លុបបំបាត់បក្ខពួក គ្រួសារនិយម និងអំពើពុករលួយគ្រប់ទម្រង់
ថ្ងៃទី ៖ 17-05-2025, ដោយ​​ Dara007 , 109 Views
                     
កំពង់ស្ពឺៈ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរំឭកជាថ្មីដល់កងទ័ពត្រូវមានស្មារតីស្នេហាជាតិ ការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ បង្ក្រាបឱ្យបានរាល់បទល្មើស កុំពាក់ព័ន្ធជាមួយដីព្រៃរបស់រដ្ឋនិងលុបបំបាត់ឱ្យបាននូវបក្ខពួក គ្រួសារនិយមនិងអំពើពុករលួយគ្រប់ទម្រង់។ការក្រើនរំឭកបែបនេះធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសតែងតាំងលោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ជាមេបញ្ជារងនិងជានាយសេនាធិការយោធភូមិភាគទី៣ ជំនួសលោកឧត្តមសេនីយ៍ទោ សំ សំអាត ដែលបានដាក់ចូលជាយោធិនពិការ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា​ កងទ័ពក្រៅពីកិច្ចការពារបូរណភាពទឹកដី កងទ័ពមានភារកិច្ចបន្ថែមគឺត្រូវការពាររាល់ធនធានធម្មជាតិ​ដែលប្រទេសកម្ពុជាមានក្នុងនោះ ព្រៃឈើ មច្ឆជាតិ រ៉ែ ដែលជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន។​

ការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ នេសាទខុសច្បាប់ គាស់កាយរុករានរករ៉ែដោយគ្មានការអនុញ្ញាតគឺជាអំពើខុសច្បាប់ ដូច្នេះកងទ័ពត្រូវតែទប់ស្កាត់និងបង្ក្រាបឱ្យខានតែបានដើម្បីរក្សានូវធនធានធម្មជាតិដែលជាសម្បត្តិជាតិ ប៉ុន្តែទន្ទឹមនេះក៏ត្រូវជៀសវាង​និងកុំចូលខ្លួនពាក់ព័ន្ធឱ្យសោះនូវរាល់បទល្មើសខាងលើនេះ ព្រោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំបន្តវេនរបស់សម្តឹចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងទៅលើអ្នកពាក់ព័ន្ធ​ និងការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ។វិធានការនេះគឺដើម្បីទប់ស្កាត់​និងពារការឱ្យបាននូវការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងអង្គភាពប្រឆាំងអំពើពុករលួយបង្ក្រាបបានជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។

ជាមួយនិងកិច្ចការងារបន្ថែម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏ក្រើនរំឭកផងដែរទៅដល់កងទ័ពទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះកិច្ចការការពារជាតិនិងបូរណភាពទឹកដី បន្តកិច្ចសហការល្អជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាដើម្បីភាពរឹងមាំនៃភូមិសាស្ត្រនិងព្រំដែនសន្តិភាព។

ជាងនេះមេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៣ត្រូវគិតគូដល់កម្លាំងក្រោមឱវាទ ផ្តល់នូវការហូបចុក ការស្នាក់នៅឱ្យបានសមរម្យ លុបបំបាត់ភាពអសកម្មនានា អំពើពុករលួយគ្រប់ទំរង់ និងបក្ខពួក គ្រួសារនិយមក្នុងអង្គភាព ហើយត្រូវបង្កើនទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងដើម្បីភាពរីកចម្រើន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com