ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។ កាលពីម្ភៃឆ្នាំមុនតំបន់វាលវែងជាកន្លែងរហោស្ថាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ។សន្តិភាព បានប្រែក្លាយតំបន់នេះជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករជាដើម។
សម្ដេចបវរធិបតី បានបញ្ជាក់ថា ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ ជាតំបន់អតីតសមរភូមិ ដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះ នៅតែជាកន្លែងកប់ចោលដដែល។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្ថែមថា ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ជាពិសេសក្នុងអាណត្តិទី៧នេះ មានចំនួនជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ សម្តេចបវរធិបតីអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដជឿទុកចិត្ដ និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ហើយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនខុសបំណងនោះទេ ៕